សម្ថតកិច្ចស្រុកបាទីឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមប៉ាក់ពួក២នាក់ ក្រោយធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេច

16

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការពួនស្ទាក់ចាប់ខ្លួនបាន ក្រោយពីជនសង្ស័យទាំងនេះ បានជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូសង់ ពីបុរសម្នាក់បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន់ មុន្នីរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀន ស្នាក់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ចំណែកបក្ខពួកដែលគេចខ្លួនមានឈ្មោះ ទឹម វីន ភេទប្រុស អាយុ១៨ឆ្នាំ។ រីឯជនរងគ្រោះឈ្មោះ រ៉េត គីមជៀម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI-4975 បានធ្វើសកម្មភាពយកដាវកាប់ប្លន់ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7276 ពីជនរងគ្រោះ បានសម្រេចនៅចំណុចភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ហើយជិះគេចខ្លួនមកទិសខាងត្បូង រួចបត់ចូលតាមផ្លូវលំ ចូលភូមិជើងកូត ឃុំសូភី ហើយក៏ឈប់ម៉ូតូដើម្បីធ្វើហ្វ្រាំងម៉ូតូ រួចបន្តជិះគេចខ្លួនទៀត ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះមកធ្វើការពួនស្ទាល់ រហូតតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕ដោយលីហួ