នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានព្រមានថា នរណាក៏ដោយ​ឱ្យតែហ៊ាន​វាយប្រហារ​មកលើ​អ៊ីស្រាអែល នោះនឹងត្រូវ​ទទួលរងការឆ្លើយតបវិញ​យ៉ាងសាកសម

12

យេរូសាឡឹម៖ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា នរណាក៏ដោយ​ឱ្យតែហ៊ាន​វាយប្រហារ​មកលើ​អ៊ីស្រាអែល នោះនឹងត្រូវ​ទទួលរងការឆ្លើយតបវិញ​យ៉ាងសាកសម ហើយបើទោះ​ជាមិនបានលើក​ចំឈ្មោះប្រទេសមួយណាក៏ដោយ តែគេដឹងយ៉ាង​ច្បាស់ថា​ លោកចង់សំដៅ​លើ​អ៊ីរ៉ង់។

ការព្រមាន​បែបនេះ​របស់ លោក Netanyahu ធ្វើឡើងនៅក្នុង​សុន្ទរកថាមួយ នាឱកាស​ប្រារព្ធខួប​លើកទី ៧០ នៃការបង្កើត​កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF)​ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ ថ្លែងនា​ឱកាសនោះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រូបនេះ បានគូស​បញ្ជាក់​ដូច្នេះថា «នរណា​ក៏ដោយ​ឱ្យតែធ្វើឱ្យយើង​ឈឺចាប់ ពួកគេនឹង​ត្រូវឈឺ​ចាប់​ដូចគ្នា ហើយសត្រូវ​ណាក៏ដោយ​ដែលគំរាមបំផ្លាញ​ពួកយើង ពួកគេ នឹងដឹងថា​ ខ្លួនកំពុងប្រឆាំង​នឹងជញ្ជំងដែក​មួយដ៏​រឹងមំា»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​កន្លងទៅ ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក Netanyahu បាននិយាយថា កងកម្លាំង​ឆ្មំាបដិវត្តន៍​អ៊ីរ៉ង់ បានដឹកជញ្ជូន​អាវុធទៅកាន់​ប្រទេសស៊ីរី ដើម្បីត្រៀម​វាយប្រហារ​លើអ៊ីស្រាអែល។ ចំណែកឯ​រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល លោក អាវីកដ័រ ឡៃប៊ែមែន (Avigdor Liberman) ក៏បានព្រមាន​ដែរថា អ៊ីស្រាអែល ត្រៀមខ្លួនរួច​ជាស្រេចក្នុង​ការវាយប្រហារ​អ៊ីរ៉ង់។ «បើសិនជា​ពួកគេ​វាយប្រហារ លើទីក្រុង​តែល​អាវីល នោះយើងនឹងវាយប្រហារ​លើទីក្រុង​តេហេរ៉ង់​វិញ»។ នេះជាការព្រមាន​របស់ លោក Liberman៕