រក​ឃើញ​កន្លែង​ផលិតកាហ្វេវៀតណាម ធ្វើ​​ពីថ្មពិលចាស់ៗ

16

វៀតណាម៖ ទីតាំង​ផលិត​កាហ្វេ​លក្ខណៈ​គ្រួសារ​មួយកន្លែង នៅ​ក្នុង​ខេត្ត Dak Nong ប្រទេស​វៀតណាម ត្រូវ​បាន​រក​ឃើញ​ថា បាន​ផលិត​កាហ្វេ​ពី​វត្ថុធាតុ​ដើម​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង ដែល​​មាន​ដូច​ជា​ម្សៅ​ខ្មៅ​របស់​ថ្មពិល​ជាដើម។

កន្លែង​ផលិត​កាហ្វេ​នោះ​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ Nguyen Thi Loan។ ​ក្រុម​ប៉ូលិសវៀតណាម បាន​ឆ្មក់​ចូល​ចាប់ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ស្រុក អំពី​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​របស់​​កន្លែង​ផលិត​កាហ្វេ​នោះ។

ក្រោយ​ឆ្មក់​ចូល​ចាប់ អាជ្ញាធរ​បាន​រក​ឃើញ កាហ្វេ​ផលិត​រួច​​ជាច្រើន​​​តោន ក៏ដូចជាវត្ថុធាតុដើម​ដែល​​ប្រើ​​ក្នុង​ការ​ផលិត រួមមាន ម្សៅ​ខ្មៅ ៣៥ គីឡូក្រាម ដែល​យក​ពី​ថ្ម​ពិល (ប្រភេទ D Battery) និងធុង​ទឹក​ខ្មៅ​ ទម្ងន់​ប្រហែល ១០ គីឡូក្រាម ផង​ដែរ។

អ្នក​ស្រី Loan បាន​ប្រាប់​ថា ខ្លួន​បាន​ទិញ​គ្រាប់​កាហ្វេគុណភាព​អន់ ពី​កន្លែង​ផលិត​កាហ្វេ​ធំៗ ក្នុង​តម្លៃ​ថោក រួច​លាយ​ជាមួយ​វត្ថុធាតុដើម​ផ្សេង​ទៀត ដូចជា ធូលី​ដី និងម្សៅ​ថ្មពិល។

អ្នកស្រី Loan បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើកដំណើរ​ទីតាំង​ផលិត​កាហ្វេ​ខាង​លើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លក់​កាហ្វេ​នោះ អស់​ជាង ៣ តោនរួច​មកហើយ បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨ មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here